ទេពកេន វណ្ណកន៖ អ្វីដែលខ្ញុំបានសិក្សាពី WordCamp Asia ២០២៣
WordCamp Asia បានប្រារព្ធឡើងនៅទីក្រុងបាងកកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី1៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយជាកម្មវិធីនេះជាកម្មវិធី WordCamp ដំបូងគេនៅទ្វីបអាស៊ី។ រហូតមកដល់ពេលនេះ កម្មវិធី WordCamp មានចំនួនបី ដូចជា នៅសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងអាមេរិកកណ្ដាល។ ក្នុងនាមជាសមាជិកនៃវេទិកា អាយស៊ីធី និងឌីជីថល កម្ពុជា (CamIDF) ខ្ញុំបានចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះដោយមានការគាំទ្រពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
WordCamp Asia គឺជាសន្និសីទ WordPress ដែលរៀបចំដោយសហគមន៍ដែលប្រមូលផ្តុំអ្នកសរសេរប្លុក អ្នកអភិវឌ្ឍ អ្នករចនា សិល្បករ ម្ចាស់អាជីវកម្មខ្នាតតូច សហគ្រិន និងអ្នកអប់រំមកពីប្រទេសសិង្ហបុរី និងទូទាំងទ្វីបអាស៊ី។ កម្មវិធីនេះមានគោលបំណងផ្តល់នូវអ្វីមួយសម្រាប់អ្នករាល់គ្នារាប់ចាប់ពីអ្នកទើបចាប់ផ្ដើមសរសេរប្លុកទៅដល់អ្នកអភិវឌ្ឍអាជីព ពីអ្នកជំនាញផ្នែកទីផ្សារដល់អ្នករចនាដែលមានបទពិសោធន៍ ពីអ្នកចូលចិត្តបច្ចេកវិទ្យាដល់អ្នកជំនាញបច្ចេកវិទ្យាឈានមុខគេ។ អ្វីដែលសំខាន់បំផុតគឺ កម្មវិធីនេះមានគោលបំណងផ្តល់ទីតាំងមួយ ដែលមានភាពស្វាគមន៍ ការចូលរួម និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ WordPress ដើម្បីស្គាល់គ្នាទៅវិញទៅមក។
អំពីព្រឹត្តិការណ៍
ព្រឹត្តិការណ៍នេះរួមបញ្ចូលនូវកម្មវិធីមួយហៅថាថ្ងៃសម្រាប់ចូលរួមចំណែក ដែលបង្កើតឡើងសម្រាប់អ្នកចូលរួមទាំងអស់ដែលបានចុះឈ្មោះសម្រាប់គ្រប់វគ្គនៅក្នុងកម្មវិធីឪ្យមានឱកាសចូលរួមចំណែកដល់ WordPress នៅក្នុងផ្នែកនៃដំណើរការស្នូល មូលបទ លំនាំ រូបថត ភាពងាយស្រួល CLI ការរចនា ការចងក្រងឯកសារ ការបណ្តុះបណ្តាល ការគាំទ្រ មេតា ពហុកោណ ទូរទស្សន៍ បង្កើត តេស្ត ទូរស័ព្ទចល័ត និងការបើកចំហ សហគមន៍ និងទីផ្សារ។ អ្នកដែលបានចូលរួមព្រឹត្តិការណ៍តូចៗ និងបានរួមចំណែកដល់ក្រុមណាមួយខាងលើ នឹងរកឃើញព័ត៌មានទិន្នន័យរបស់ខ្លួននៅលើ WordPress.org និងមានផ្លាកសញ្ញា ដែលទាក់ទងនឹងក្រុមដែលពួកគេបានចូលរួមចំណែក។ ក្នុងកម្មវិធីលើកមុន ខ្ញុំបានចូលរួមក្រុម Polyglot ប៉ុន្តែនៅក្នុង WordCamp Asia ២០២៣ នេះ ខ្ញុំបានចូលរួមក្រុមបណ្តុះបណ្តាលក្នុងនាមជាអ្នកបកប្រែ។
ថ្ងៃទី១៨ និង១៩ គឺជាថ្ងៃសន្និសីទ ដែលអ្នកចូលរួមបានប្រមូលផ្តុំគ្នា ដើម្បីសិក្សា និងចែករំលែកចំណេះដឹង ហើយជំនាញជាមួយគ្នាលើប្រធានបទផ្សេងៗ។ ប្រធានបទត្រូវបានផ្ញើទៅឱ្យអ្នករៀបចំកម្មវិធីមុនព្រឹត្តិការណ៍នេះ ហើយមានតែប្រធានបទដែលបានអនុញ្ញាតប៉ុណ្ណោះត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីវគ្គចែករំលែក និងវគ្គពិភាក្សាជាក្រុម ស្តង់ពីក្រុមហ៊ុនផ្សេងៗដែលធ្វើការជាមួយ WordPress ក៏មានវត្តមានក្នុងកម្មវីធីនេះផងដែរ។ ពួកគេបានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ក្រឡាស់អាវ អាវយឺត និងកាដូជាច្រើនដោយឥតគិតថ្លៃដល់អ្នកមកទស្សនាស្តង់របស់ពួកគេ។
ឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ
WordCamp មានគោលបំណងនាំយកបច្ចេកវិទ្យាទាក់ទងនឹង WordPress មកជជែកពិភាក្សាគ្នា។ នៅក្នុងសន្និសីទទាំងមូលនេះមានវគ្គចែករំលែក និងវគ្គពិភាក្សាជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ប្រធានបទចំនួនពីរ ដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំគឺ «WordPress Through the Terminal» ដែលភាគច្រើនតែងតែនិយាយអំពី WP-CLI ដែលជា command-line interface សម្រាប់ WordPress និង «ការទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី WordPress REST API»។ ការចូលរួមក្នុងវគ្គចែករំលែកទាំងពីរនេះផ្តល់ឱ្យខ្ញុំនូវគំនិតបន្ថែមទៀតអំពីរបៀបដែលខ្ញុំអាចចំណាយពេលវេលាតិចជាងមុនក្នុងការអភិវឌ្ឍគម្រោង WordPress និងគំនិត ដើម្បីធ្វើឪ្យប្រសើរឡើងនៃការអនុវត្តនៅពេលដោះស្រាយជាមួយទិន្នន័យធំៗតាមរយៈសំណើ REST API ។
បង្កើតមិត្តភក្តិថ្មីៗ
ក្រៅពីការសិក្សាបច្ចេកវិទ្យាថ្មីៗ និងចូលរួមចំណែកក្នុងសហគមន៍ ការបង្កើតមិត្តភក្តិថ្មីៗ និងការពង្រឹងទំនាក់ទំនងរវាងមិត្តភក្តិចាស់ៗក៏ជាគោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះដែរ។ អ្នកចូលរួមមកពីផ្នែកជាច្រើននៃពិភពលោកក៏បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេក៏មានបំណងចង់បង្កើតមិត្តភក្តិថ្មីៗផងដែរ។
ឈ្វេងយល់ពីរបៀបដែលសហគមន៍ដំណើរការ
ការចូលរួមព្រឹត្តិការណ៍នេះក៏អនុញ្ញាតឱ្យខ្ញុំរៀនពីរបៀប ដែលសហគមន៍នេះខិតខំបន្តនាំយកបុគ្គលដែលមានគំនិតដូចគ្នាមកចូលរួមជាមួយគ្នា។ ខ្ញុំបានដឹកនាំសហគមន៍ WordPress នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែមិនទាន់មានកម្មវិធី WordCamp ធ្វើឡើងនៅក្នុងប្រទេសកម្ពុជាទេ។ ដូច្នេះហើយ ក្តីសុបិនដ៏ធំរបស់ខ្ញុំគឺយ៉ាងហោចណាស់ត្រូវមានកម្មវិធី WordCamp ជាលក្ខណៈក្នុងស្រុកមួយក្នុងប្រទេសកម្ពុជា។ នៅក្នុងអំឡុងព្រឹត្តិការណ៍នេះ ក្រុមដែលមកពីប្រទេសកម្ពុជាបានចូលរួមការពិភាក្សាជាក្រុមអំពី «ការកសាងសហគមន៍ WordPress នៅក្នុងប្រទេសរបស់អ្នក» ហើយខ្ញុំបានសិក្សាពីចំណុចសំខាន់ៗមួយចំនួន ដែលខ្ញុំគិតថាមានសារសំខាន់សម្រាប់ការចែករំលែកបន្ត៖
● ចាប់ផ្តើមពីតូច ប៉ុន្តែស្របគ្នា
● បង្កើតភាពជិតស្និតជាមួយយុវជន
● ទំនាក់ទំនងរវាងសហគមន៍ក្នុងស្រុក និងសហគមន៍អន្តរជាតិ
● គុណភាព៖ ការកំណត់ប្រធានបទសម្រាប់ជំនួបនីមួយៗសម្រាប់ទស្សនិកជន(បង្កើតតម្លៃសម្រាប់អ្នកចូលរួម)
● មានភាពស្និទ្ធស្នាលជាមួយសមាជិក
● បង្កើតបណ្តាញជាមួយសហគមន៍នៃប្រទេសជិតខាង
● ចូលរួមព្រឹត្តិការណ៍សហគមន៍ផ្សេងៗទៀតដើម្បីសិក្សា និងនាំយកមកវិញ
ជាចុងក្រោយ វាមិនអាចទៅរួចទេសម្រាប់ខ្ញុំ និងក្រុមការងាមកពីប្រទេសកម្ពុជាក្នុងការនាំយកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីឆាកអន្តរជាតិមកប្រទេសកម្ពុជា បើមិនមានការគាំទ្រពីអូឌីស៊ី។ ខ្ញុំជឿជាក់ថា ការរួមគ្នាក្នុងនាមជាសហគមន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាអាចជំរុញការបន្សាំបច្ចេកវិទ្យាក្នុងចំណោមយុវជន និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមមនុស្សជំនាន់មុន។ តោះចាប់ផ្ដើមបង្កើតវាឡើង!