ការរំពឹងទុកពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី១៨
ខ្ញុំឈ្មោះ កា រ៉ូហាស៊ីម ជានិស្សិតបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កំឡុងពេលជានិស្សិត ខ្ញុំបានចូលរួមសកម្មភាពក្រៅសាលាជាច្រើន ហើយបានបង្កើតគម្រោងជាច្រើនដែលគ្របដណ្តប់លើប្រធានបទមួយចំនួនរួមមាន៖ សិល្បៈ ភាពជាអ្នកដឹកនាំ និង បរិស្ថាន។ បន្ទាប់ពីខ្ញុំបានស្ម័គ្រចិត្តក្នុងយុទ្ទនាការ Earth Hour Cambodia ខ្ញុំបានសហការបង្កើតក្រុមយុវជនមួយដែលឈ្មោះថា យុវផែនដី (Youth Earth) ហើយបានអនុវត្តយុទ្ធនាការឌីជីថលចំនួនពីរដែលចូលរួមផ្សព្វផ្សាយអំពីការអភិរក្សសត្វព្រៃ និងសកម្មភាពដើម្បីអាកាសធាតុ។ ពួកយើងបញ្ចប់យុទ្ធនាការទាំងពីរនេះជាមួយលទ្ទផលយ៉ាងប្រសើរ ។ បន្ថែមពីលើការងារនេះ ខ្ញុំក៏ជាអ្នកបង្កើតមាតិកានៅក្នុងផលិតកម្មមួយដែលខ្ញុំបង្កើតមាតិកាឌីជីថល និងយុទ្ធនាការសម្រាប់អាជីវកម្ម។
អាចនិយាយបានថាខ្ញុំមានបទពិសោធន៍ច្រើននៅក្នុងវិស័យអ៊ីនធឺណិតនិងឌីជីថល។ ដូច្នេះហើយ ខ្ញុំនឹងបន្តជ្រើសរើសការងារដែលនៅក្នុងវិស័យនេះដូចគ្នា។ ខ្ញុំចាប់អារម្មណ៍លើជំនាញទំនាក់ទំនងឌីជីថលនិងការអនុវត្តគម្រោង ។ ខ្ញុំយល់ថាដើម្បីអាចបំពេញជំនាញទាំងនេះបានល្អ ខ្ញុំត្រូវយល់ដឹងឱ្យបានច្បាស់អំពីប្រព័ន្ធអ៊ីនធឺណិតនិងឌីជីថល ហើយខ្ញុំជឿថាវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) និងអាចពង្រឹងសម្ថភាពរបស់ខ្ញុំនៅក្នុងវិស័យនេះបាន។
ឆ្នាំនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ដែលរៀបចំដោយរដ្ឋាភិបាលជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែតុលានេះ។
មានវិធីសាស្រ្តមួយចំនួនក្នុងការស្នើសុំជំនួយហិរញ្ញវត្ថុនេះ។ ក្នុងករណីរបស់ខ្ញុំ ខ្ញុំត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដើម្បីមានឱកាសទទួលបានជំនួយនេះ ។ ដំបូងឡើយ ខ្ញុំត្រូវចុះឈ្មោះជាសមាជិកនៃវេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា (CamIDF) ដោយខ្ញុំបានបំពេញពាក្យតាមអ៊ីនធឺណិតហើយជាប់ជាសមាជិក ដែលមានន័យថាខ្ញុំមានសិទ្ធិដាក់ពាក្យស្នើសុំជំនួយថវិការ។ បន្ទាប់មកខ្ញុំបានបំពេញពាក្យស្នើសុំជំនួយថវិកា ដែលតម្រូវឱ្យខ្ញុំផ្តល់ចម្លើយមួយចំនួនទាក់ទងនឹងវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និងបង្កើតប្រធានបទយ៉ាងហោចណាស់ប្រាំដែលទាក់ទងនឹងវេទិកានោះដើម្បីពិភាក្សាជាមួយសមាជិក CamIDF ដទៃទៀត។ ប្រធានបទរបស់ខ្ញុំគឺ៖ the internet I want, data visualization, how the internet and digital landscapes contribute to environmental activism, the roles of youth in accelerating digital technology for the SDGs និង fake news។
ប្រធានបទចម្បងនៃវេទិកា IGF ក្នុងឆ្នាំនេះគឺ the Internet We Want - Empowering All People អមដោយប្រធានបទរងជាច្រើន។ ខ្ញុំដឹងថាមានអ្នកដឹកនាំ និងអ្នកបង្កើតគោលនយោបាយជាច្រើននឹងមកចូលរួមចែករំលែកព័ត៌មាននិងចំណេះដឹងអំពីប្រធានបទទាំងអស់នេះ។ ក្នុងនាមជាអ្នកទំនាក់ទំនងឌីជីថល និងអ្នកតស៊ូមតិផ្នែកបរិស្ថាន ខ្ញុំនឹងមិនរំលងប្រធានបទ Global Digital Governance & Cooperation Cybersecurity, Cybercrime & Online Safety និង Sustainability & Environment ឡើយ ព្រោះខ្ញុំជឿថាវានឹងមានសារៈប្រយោជន៍ដល់ការងារនាពេលអនាគតក៏ដូចជាការតស៊ូមតិរបស់ខ្ញុំក្នុងសកម្មភាពបរិស្ថាន ហើយខ្ញុំរំពឹងថានឹងអាចធ្វើការឆ្លុះបញ្ចាំងទៅលើប្រធានបទទាំងនេះដើម្បីរួមចំណែកកសាងក្របខ័ណ្ឌអ៊ីនធឺណិតនិងឌីជីថលឱ្យកាន់តែប្រសើរតាមរយៈសកម្មភាពចម្បងទាំងបីនៅក្នុង CamIDF។ សម្រាប់ប្រធានបទចម្បងវិញ ខ្ញុំយល់ថាវាមានសារៈសំខាន់ចំពោះច្បាប់ការពារទិន្នន័យថ្មីរបស់ប្រទេសកម្ពុជាដែលឥឡូវនេះកំពុងស្ថិតក្រោមការពិភាក្សា។ ខ្ញុំរីករាយនឹងទាញសេចក្តីសន្និដ្ឋានចំពោះ "អ៊ីនធឺណិតដែលយើងចង់បាន" ហើយនាំយកវាទៅភិភាក្សាដើម្បីចូលរួមមតិបង្កើតគោលនយោបាយដែលមានប្រសិទ្ធិភាពនិងច្បាប់ដែលកាន់តែជាក់ច្បាស់។
វេទិការលើកនេះមានបែងចែកជាងបួនរយវគ្គខុសៗគ្នា ហើយខ្ញុំគ្រោងនឹងចូលរួមក្នុងវគ្គមួយចំនួនដូចជា៖ Leadership Panel, IGF 2023 Global Youth Summit, Internet Society’s Collaborative Leadership Exchange (CLX), Climate Change and Technology Implementation, Green and Digital Transitions: Towards a Sustainable Future និង Internet Fragmentation: Perspective & Collaboration ព្រោះខ្ញុំយល់ថាវគ្គទាំងនេះត្រូវនឹងបទពិសោធន៍និងចំណង់ចំណូលចិត្តរបស់ខ្ញុំ។
ក្រៅពីនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវេទិកា IGF នឹងក្លាយជាកន្លែងមួយដែលខ្ញុំបានជួបជាមួយអ្នកចូលរួមនិងអ្នកពាក់ព័ន្ធផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសអ្នកបង្កើតភាពច្នៃប្រឌិតថ្មីៗ (innovators)។ ខ្ញុំចាត់ទុកខ្លួនឯងជាអ្នកប្រើប្រាស់ដែលអាចផ្តល់មតិកែលម្អទាក់ទងនឹងអ៊ីនធឺណិតដែលយើងចង់បាន ហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីធ្វើការសន្ទនាយ៉ាងរស់រវើកហើយ ខ្ញុំនឹងអាចចូលរួមបានប្រសើរជាងមុនក្នុងវិស័យអ៊ីនធឺណិតនិងឌីជីថល ហើយអ្នកបង្កើតភាពច្នៃប្រឌិតនឹងទទួលបានគំនិតបន្ថែមសម្រាប់គម្រោងបន្ទាប់របស់ពួកគេដូចគ្នា។
អ្វីដែលធ្វើឱ្យខ្ញុំកាន់តែរំភើបចំពោះវេទិកា IGF ឆ្នាំនេះ គឺវេទិកានេះនឹងប្រារព្ធធ្វើនៅប្រទេសជប៉ុនដែលជាប្រទេសដែលខ្ញុំតែងតែចង់ទៅទស្សនា។ ខ្ញុំនឹងប្រើឱកាសនេះស្វែងយល់បន្ថែមអំពីប្រទេសជប៉ុន ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចនាំយកគុណតម្លៃដ៏អស្ចារ្យនៃប្រទេសមួយនេះមកអនុវត្តក្នុងប្រទេសកំណើតរបស់ខ្ញុំ។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការទិន្នន័យអំពីការអភិវឌ្ឍដែលបានផ្តល់ឱកាសដ៏អស្ចារ្យនេះដល់ខ្ញុំ។ ខ្ញុំនឹងនាំយកអ្វីគ្រប់យ៉ាងដែលខ្ញុំទទួលបានពីវេទិកានេះមកចែករំលែកជាមួយមនុស្សគ្រប់គ្នាជាពិសេសសមាជិក CamIDF។ ដូចគ្នានេះដែរ ខ្ញុំរីករាយនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីដំណើរការដាក់ពាក្យស្នើសុំជំនួយថវិកាដែលខ្ញុំទទួលបាន។ ដូច្នេះហើយ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកខ្ញុំ។