វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ លើក​ទី​៦៖​ ការ​រួម​បញ្ចូល​គ្នា​នូវ​គំនិត​ និង​ភាព​ច្នៃប្រឌិត​

វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ លើក​ទី​៦៖​ ការ​រួម​បញ្ចូល​គ្នា​នូវ​គំនិត​ និង​ភាព​ច្នៃប្រឌិត​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ផល​កម្ពុជា​ លើក​ទី​៦​ (CamIDF)​ នៅ​ថ្ងៃ​ទី​២៦​ និង​២៧​ ខែមីនា​ ឆ្នាំ​២០២៤​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​។​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ គឺ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​អ្នកជំនាញ​ អ្នក​ចូល​ចិត្ត​ និង​អ្នកមាន​ទស្សនៈវិស័យ​ផ្សេងៗ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ និង​ស្វែង​យល់​ពី​ទិដ្ឋភាព​ឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​ រួម​ទាំង​កត្តា​ដទៃ​លើស​ពី​នេះ​ទៀត​ផង​ដែរ​។​

IMG_4078.jpgរូបថត​ជា​ក្រុម​នា​ថ្ងៃ​ទី​១​ ក្នុង​វេទិកា​ អាយ​ស៊ី​ធី​ និង​ ឌី​ជី​ថ​ល​ កម្ពុជា​លើក​ទី​៦

​ថ្ងៃ​ទី​១:​ ថ្ងៃ​នៃ​ការ​សន្ទនា​ដ៏​ស៊ីជម្រៅ​


​វេទិកា​នេះ​ចាប់ផ្តើម​ដោយ​ការ​បើក​សុន្ទរកថា​ដ៏​ស៊ីជម្រៅ​មួយ​ដោយ​លោក​ Eric​ LOU​ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​ CamIDF​ ដែល​លោក​បាន​បង្ហាញ​ពី​ភាព​ជាក់លាក់​ សម្រាប់​របៀបវារៈ​នៃ​គោលដៅ​គិត​ឆ្ពោះទៅ​មុខ​របស់​ព្រឹត្តិការណ៍​នេះ​ និង​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​របស់​ CamIDF​ រួម​ទាំង​សារៈសំខាន់​នៃ​វេទិកា​នេះ​ផង​ដែរ​។​ ក្នុង​នោះ​ក៏​មានការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​ លោក​ Norbert​ KLEIN​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដើម​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​លោក​បាន​លើកយក​ប្រធានបទ​សំខាន់​នៃ​ «​ សន្តិសុខ​តាម​អ៊ីនធឺណិត​សម្រាប់​មនុស្ស​គ្រប់​គ្នា​ »​  មក​ធ្វើ​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​ការពារ​ខ្លួន​យើង​ រួម​ទាំង​កូនៗ​របស់​យើង​នៅ​ក្នុង​ពិភព​អន​ឡាញ​ផង​ដែរ​។​

​នៅ​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ​ កម្មវិធី​នេះ​បាន​បន្ត​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោកស្រី​បណ្ឌិត​ Elisa​ OREGLIA​ អំពី​លំហូរ​បច្ចេកវិទ្យា​របស់​ចិន​ និង​លោក​ខាងលិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​មានការ​គិត​ ការ​វិភាគ​ រួម​ទាំង​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ពី​ភាព​ខុស​គ្នា​នៃ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថ​ល​របស់​ប្រទេស​ផង​ដែរ​។​ លោក​ Poren​ CHIANG​ សមាជិក​ម្នាក់​ទៀត​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​ CamIDF​ ក៏​បាន​ផ្តល់​ដំណោះស្រាយ​លើ​បញ្ហា​ស្មុគស្មាញ​ជុំវិញ​ការ​គ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​លើ​បណ្តាញ​អ៊ីនធឺណិត​ ដែល​បណ្តាល​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​សកម្ម​ក្នុង​ចំណោម​អ្នកចូលរួម​ទៀត​ផង​។​

IMG_4164.jpg
​ 
លោកស្រី​បណ្ឌិត​ Elisa​ OREGLIA​ ធ្វើ​បទ​បង្ហាញ​ "​ការ​សិក្សា​លំហូរ​បច្ចេកវិទ្យា​ចិន​ និង​បស្ចិមប្រទេស​នៅ​កម្ពុជា​"


​ចំណុច​សំខាន់​មួយទៀត​ក្នុងថ្ងៃនេះ​ផង​ដែរ​ គឺ​កម្មវិធី​ Hackathon​ ស្តី​អំពី​ការ​ការពារ​កុមារ​តាម​អ៊ីនធឺណិត​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេង​ជំទង់​ ដែល​សម្របសម្រួល​ដោយ​លោក​ ហាង​ វិសិដ្ឋ​ និង​ដឹកនាំ​ដោយ​ក្រុម​វាគ្មិន​កិត្តិយស​រួម​មាន​ដូច​ជា​ Hyeri​ HYUN,​ Dixon​ SIU,​ លោកគ្រូ​ Yoneda​ KENZO​ និង​Paula​ BELLO​។​ ជាមួយនឹង​ជំនាញ​របស់​គាត់​ទាំងអស់​គ្នា​ គឺ​គាត់​បាន​ផ្តល់​ជា​ការ​យល់​ដឹង​ដ៏​មាន​តម្លៃ​ក្នុង​ការ​ការពារ​សុខុមាលភាព​ឌី​ជី​ថ​ល​របស់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ​។​

IMG_4445.jpgIMG_4441.jpgIMG_4439.jpg
​   
​សកម្មភាព​កម្មវិធី​ Hackathon​ (​គូររូប​)​ ផ្តោត​លើ​ «​ការ​ការពារ​កុមារ​តាម​អ៊ីនធឺណិត​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេង​ជំទង់​»

​ក្នុង​នោះ​ក៏​រួម​មានការ​ធ្វើ​បទ​បង្ហាញ​របស់​លោកស្រី​បណ្ឌិត​ Velislava​ HILLMAN​ ស្តី​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​បង្កើន​ឯកជន​ភាព​ទិន្នន័យ​ ដោយ​បំភ្លឺ​បង្ហាញ​ពី​ភាព​ចាំបាច់​នៃ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​ទិន្នន័យ​អប់រំ​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​តែ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​។​ ដោយ​កម្មវិធី​ថ្ងៃនេះ​ ក៏​បាន​បញ្ចប់​ជាមួយនឹង​ការ​បកស្រាយ​បង្ហាញ​របស់​លោក​ កា​ រ៉ូ​ហា​ស៊ី​ម​ អំពី​វឌ្ឍនភាព​របស់​ CamIDF​ និង​ដំណើរកា​រវិ​វត្ត​ចុង​ក្រោយ​បំផុត​របស់​គម្រោង​ «​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​»​ ដោយ​ក្រុម​គម្រោង​ Kapeer​ផង​ដែរ​។​ គម្រោង​ Kapeer​ ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ទាក់ទង​នឹង​សកម្មភាព​អន​ឡាញ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដោយ​ពួក​គេ​បាន​បង្កើត​ឧបករណ៍​ស្វែងរក​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​ ដើម្បី​តាមដាន​ និង​វិភាគ​ឧប្បត្តិហេតុ​នានា​ដូច​ជា​ការ​ប្រើ​ភាសា​មិន​សមរម្យ​ សារ​គំរាមកំហែង​ ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ និង​ការ​បៀតបៀន​ផ្លូវភេទ​ជាដើម​។​ លោក​ ង៉ែត​ ម៉ូ​សេ​ ដែល​ជាទី​ប្រឹក្សា​សន្តិសុខ​ឌី​ជី​ថ​ល​ក៏​បាន​ធ្វើការ​ពិភាក្សា​ក្រុម​មួយទៀត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ ដែល​អនុញ្ញាត​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ និង​ក្រុម​សិទ្ធិ​មនុស្ស​ចូលរួម​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​អះអាង​ ដែល​អាច​នឹង​រឹត​បន្តឹង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​លើក​ឡើង​ពី​បញ្ហា​គោលនយោបាយ​ និង​ការ​ប្រមូល​ទិន្នន័យ​ផង​ដែរ​។​ 


ថ្ងៃ​ទី​២៖​ ការ​ពិភាក្សា​ស៊ីជម្រៅ​ និង​ការ​សន្ទនា​ប្រកបដោយ​ថាមវន្ត​


​នា​ថ្ងៃ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ CamIDF​ លើក​ទី​៦​ បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​សង្ខេប​ឡើង​វិញ​នៃ​សកម្មភាព​នៅ​ថ្ងៃ​ទី​១​។​ ក្នុង​នោះ​កញ្ញា​ Rawon​ JANG​ ដែល​អញ្ជើញ​មក​ពី​ទីភ្នាក់ងារ​សង្គម​ព័ត៌មាន​ជាតិ​ (NIA)​ បាន​បើក​ថ្ងៃ​នៃ​កម្មវិធី​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​គោលនយោបាយ​ទិន្នន័យ​រដ្ឋាភិបាល​បើកចំហ​របស់​ប្រទេស​កូរ៉េ​ និង​វិ​ប​ផត​ថ​ល​ទិន្នន័យ​ (data.go.kr)​ ដោយ​បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ ធ្វើ​ឡើង​នៅ​ក្នុង​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​បាន​នូវ​ទិន្នន័យ​សាធារណៈ​ និង​តម្លាភាព​។​


​បន្ទាប់​មក​ទៀត​ វេទិកា​នេះ​ក៏​បាន​បង្វែរ​ចំណាប់អារម្មណ៍​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​បច្ចេកវិទ្យា​វិញ​ ដោយ​លោក​ Dixon​ SIU​ លោក​ សុង​ ម៉េ​ង​ថុ​ង​ និង​លោក​ ឡី​ កំ​ថូ​ង​ ដោយ​ការ​ធ្វើ​បទ​បង្ហាញ​ទៅ​លើ​ MyData,​ CheckinMe​ និង​ CamDX​ ផង​ដែរ​។​ ការ​ផ្ដល់​នូវ​ចំណេះដឹង​របស់​វាគ្មិន​ទាំង​ ៣​ អំពី​ភាព​ជា​ម្ចាស់​នៃ​ទិន្នន័យ​ និង​សន្តិសុខ​តាម​អ៊ីនធឺណិត​ មិន​ត្រឹមតែ​ធ្វើ​ឡើង​ឋិត​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​សម្រាប់​ទិដ្ឋភាព​ឌី​ជី​ថ​ល​កម្ពុជា​ឥឡូវនេះ​ផង​ដែរ​។​

IMG_5031.jpgIMG_5020.jpg
​លោក​ សុង​ ម៉េ​ង​ថុ​ង​ និង​លោក​ ឡី​ កំ​ថូ​ង​ បាន​ធ្វើការ​បង្ហាញ​ពី​ CamDX​ និង​ CheckinMe


​ទស្សនវិស័យ​របស់​យុវជន​ត្រូវ​បាន​យក​មក​បង្ហាញ​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​លើ​វេទិកា​អភិបាលកិច្ច​អ៊ី​ន​ ធឺ​ណិ​ត​សម្រាប់​យុវជន​ ឆ្នាំ​២០២៤​ និង​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ដោយ​សមាជិក​គណៈកម្មាធិការ​រៀបចំ​ YIGF​ រួម​មាន​លោក​ ហេង​ សុខ​ឡាយ​ កញ្ញា​ សុខា​ច័ន្ទ​ សុជាតា​ និង​លោក​ សុខ​ ហាំ​ង​ឃាង​។​ ដោយ​ការ​ចូលរួម​របស់​ពួក​គេ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​វេទិកា​ក្នុង​ការ​អប់រំ​អ្នកដឹកនាំ​ឌី​ជី​ថ​ល​ជំនាន់​ក្រោយ​ផង​ដែរ​។​ 


​ក្នុង​នោះ​លោកស្រី​បណ្ឌិត​ Velislava​ HILLMAN​ និង​លោក​ Dixon​ SIU​ ក៏​បាន​ដឹកនាំ​សិក្ខាសាលា​អន្តរ​កម្ម​មួយ​ដែល​ស្តី​ពី​ឯកជន​ភាព​ទិន្នន័យ​ ចំណេះដឹង​ រួម​ទាំង​ជំនាញ​ទិន្នន័យ​ និង​ការ​រៀបចំ​ទិន្នន័យ​នៃ​ការ​អប់រំ​ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ជំនាញ​ និង​ចំណេះដឹង​ជាក់ស្តែង​ ដែល​ជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ពួក​គេ​អាច​រុករក​ពី​ភាព​ស្មុគស្មាញ​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល​ប្រកបដោយ​ទំនុកចិត្ត​ផង​ដែរ​។​


​ក្នុង​នោះ​លោក​ សំ​អាន​ ម៉ារ​ឌី​ ក៏​បាន​ណែនាំ​អ្នកចូលរួម​ឱ្យ​ចូល​ទៅ​កាន់​ Learning​ Platform​ របស់​អង្គការ​ទិន្នន័យ​យ​អំពី​ការ​អភិវឌ្ឍ​ និង​ឈ្វេងយល់​ពី​របៀប​រួមចំណែក​ផ្ដល់​ទិន្នន័យ​នៅ​ក្នុង​នោះ​ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ធនធាន​អប់រំ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ជាដើម​។​ ហើយ​វេទិកា​នេះ​ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ Zaïda​ RIVAI​ ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​សំខាន់​នៃ​ភាព​លំអៀង​នៃ​យេ​ន​ឌ័​រ​នៅ​ក្នុង​ Generative​ AI​ ហើយ​ក្នុង​នោះ​ Paul-Olivier​ DEHAYE​ Dehaye​ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ hestia.ai​ ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម​ជាមួយនឹង​ការ​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ផង​ដែរ​។​


​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​បាន​ខិត​ជិត​ដល់ទី​បញ្ចប់​ លោក​ Poren​ CHIANG​ ក៏​បាន​ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី​ ដោយ​បង្ហាញ​ពី​ស្មារតី​នៃ​កិច្ចសហការ​ និង​ការ​ច្នៃប្រឌិត​ ដែល​បាន​កំណត់​ក្នុង​វេទិកា​នេះ​ ហើយ​សុន្ទរកថា​របស់​លោក​ជា​ការ​បញ្ចប់​ដ៏​មាន​ន័យ​មួយ​ ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​ការ​បង្កើត​នូវ​សហគមន៍​មួយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ​។​ ឥទ្ធិពល​របស់​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ លើក​ទី​៦​ (CamIDF)​ បាន​លាតសន្ធឹង​លើស​ពី​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ទៀត​ ដោយ​វា​បាន​បង្កើត​នូវ​ចលនា​មួយ​ដ៏​មាន​ឥទ្ធិពល​ដែល​សន្យា​ថា​នឹង​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា​តាម​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ផង​ដែរ​។​


​ការ​ផ្តល់​អំណាច​ដល់​បុគ្គល​ និង​សហគមន៍​ 


​នៅ​កម្រិត​បុគ្គល​ CamIDF​ បាន​ផ្តល់​ឱ្យ​អ្នកចូលរួម​ជាមួយនឹង​ចំណេះដឹង​ និង​ជំនាញ​ដែល​មាន​សារៈសំខាន់​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ និង​ការ​ពិភាក្សា​អំពី​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ ឯកជន​ភាព​ទិន្នន័យ​ និង​ការ​គ្រប់គ្រង​អ៊ីនធឺណិត​ ដែល​បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឧបករណ៍​ដើម្បី​ការពារ​អត្តសញ្ញាណ​ឌី​ជី​ថ​ល​របស់​ពួក​គេ​ និង​ធ្វើ​ឱ្យ​ការ​រុករក​ទៅ​ក្នុង​ពិភព​អន​ឡាញ​កាន់តែ​មាន​សុវត្ថិភាព​ និង​ទំនុកចិត្ត​។​
 

ជំរុញ​ការ​ច្នៃប្រឌិត​ និង​កិច្ចសហការ​ ​ 


​វេទិកា​នេះ​ក៏​បាន​ជំរុញ​ស្មារតី​នៃ​ការ​ច្នៃប្រឌិត​ និង​កិច្ចសហការ​ផង​ដែរ​។​ ដោយ​កម្មវិធី​ Hackathon​ ស្តី​ពី​ការ​ការពារ​កុមារ​តាម​អ៊ីនធឺណិត​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេង​ជំទង់​ គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​អំពី​របៀប​ប្រមូលផ្តុំ​នូវ​គំនិត​ចម្រុះ​ ដែល​អាច​នាំ​ទៅ​រក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​បញ្ហា​ស្មុគស្មាញ​បាន​ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​បែប​នេះ​ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ជំរុញ​វឌ្ឍនភាព​ក្នុង​វិស័យ​អាយ​ស៊ី​ធី​។​


ឥទ្ធិពល​លើ​គោលនយោបាយ​ និង​អភិបាលកិច្ច​


​ការ​យល់​ដឹង​ដែល​ចែករំលែក​នៅ​ CamIDF​ ទំនងជា​មាន​ឥទ្ធិពល​លើ​គោលនយោបាយ​ និង​អភិបាលកិច្ច​ទាក់ទង​នឹង​អាយ​ស៊ី​ធី​នៅ​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ​។​ បទ​បង្ហាញ​ស្តី​ពី​គោលនយោបាយ​ទិន្នន័យ​បើកចំហ​របស់​រដ្ឋាភិបាល​ និង​គំនិត​ផ្តួចផ្តើម​ MyData​ បាន​ផ្តល់​ជា​គម្រោង​ចម្បង​សម្រាប់​តម្លាភាព​ និង​អភិបាលកិច្ច​ផ្តោត​លើ​ពលរដ្ឋ​ ដែល​អាច​អនុម័ត​បាន​ដោយ​អ្នក​បង្កើត​គោលនយោបាយ​។


​ការ​ផ្សារ​ភ្ជាប់​គម្លាត​យេ​ន​ឌ័​រ​


CamIDF​ ក៏​បាន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ផ្សារ​ភ្ជាប់​គម្លាត​យេ​ន​ឌ័​រ​ក្នុង​វិស័យ​អាយ​ស៊ី​ធី​ផង​ដែរ​។​ តាម​រយៈ​ការ​ធានា​ឱ្យ​មានការ​ចូលរួម​របស់​ស្ត្រី​ និង​ការ​ដោះស្រាយ​បញ្ហា​ដូច​ជា​ភាព​លំអៀង​យេ​ន​ឌ័​រ​នៅ​ក្នុង​បញ្ញា​សិប្បនិម្មិត​។​ វេទិកា​នេះ​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​បរិ​យា​បន្ន​នៅ​ក្នុង​បច្ចេកវិទ្យា​ផង​ដែរ​។​


វឌ្ឍនភាព​នៃ​ការ​អប់រំ​


​សេចក្តីណែនាំ​នៃ​ Learing​ Platform​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ការ​រួមចំណែក​ទិន្នន័យ​ បកស្រាយ​ដោយ​ លោក​ សំ​អាន​ ម៉ារ​ឌី​ គឺជា​ជំហាន​ឆ្ពោះទៅ​រក​ការ​លើកកម្ពស់​ការ​អប់រំ​តាម​រយៈ​បច្ចេកវិទ្យា​។​ Learning​ Platform​ នេះ​អាច​ក្លាយជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​សិក្សា​ដោយ​ខ្លួនឯង​ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ផង​ដែរ​។​


​កិច្ចសហការ​អន្តរជាតិ​


​ការ​ចូលរួម​របស់​អ្នកជំនាញ​អន្តរជាតិ​ដូច​ជា​ Rawon​ JANG,​ Paul-Olivier​ DEHAYE​ និង​បុគ្គល​សំខាន់​ផ្សេងៗ​ទៀត​ជា​ច្រើន​ដោយ​ផ្ទាល់​ និង​អន​ឡាញ​ បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​វេទិកា​ក្នុង​ការ​សម្របសម្រួល​ដល់​កិច្ចសហការ​អន្តរជាតិ​ ហើយ​អន្តរ​កម្មនេះ​អាច​នាំ​ទៅ​រក​ភាព​ជា​ដៃគូ​អន្តរជាតិ​ និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ ដែល​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ឌី​ជី​ថ​ល​របស់​កម្ពុជា​ផង​ដែរ​។​
​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ -​ វិទ្យាស្ថាន​ស្រាវជ្រាវ​ឌី​ជី​ថ​ល​ និង​នវានុវត្តន៍​ សម្រាប់​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​។​ ការ​ប្ដេជ្ញា​ចិត្ត​ និង​ការ​សហការ​គ្នា​នេះ​ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ភាព​ជោគជ័យ​នៃ​ការ​ខិតខំ​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ​។​ 


​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​របស់​សហភាព​អឺរ៉ុប​ សម្រាប់​ការ​គាំទ្រ​ដ៏​ពេញទំហឹង​របស់​ពួក​គេ​តាម​រយៈ​គម្រោង​ស្រាវជ្រាវ​ Digisilk​ ហើយ​ក្រោម​ការ​ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​របស់​លោកស្រី​បណ្ឌិត​ Elisa​ OREGLIA​។​ គម្រោង​នេះ​បាន​ក្លាយជា​សញ្ញា​នៃ​ភាព​ច្នៃប្រឌិត​ និង​ឧត្តមភាព​។​ 


​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មជ្ឈមណ្ឌល​សម្រាប់​សហគ្រាស​ឯកជន​អន្តរជាតិ​ (CIPE)​ សំរាប់​ការ​ផ្តល់​ការ​ណែនាំ​ដ៏​មាន​តម្លៃ​ និង​ជំនួយ​ផ្សេងៗ​។​ រាល់​ការ​យកចិត្តទុកដាក់​របស់​ CIPE​ ក្នុង​ការ​ជំរុញ​សហគ្រាស​អន្តរជាតិ​ គឺ​ពិតជា​គួរ​ឱ្យ​កោតសរសើរ​ក្រៃ​លែង​។​
​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ Fujitsu​ សម្រាប់​ការ​គាំទ្រ​ និង​ការ​ផ្ដល់​នូវ​ជំនាញ​វិជ្ជាជីវៈ​  ដែល​ការ​រួមចំណែក​របស់​ក្រុមហ៊ុន​ Fujitsu​ បាន​ពង្រឹង​នូវ​គុណភាព​ និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការងារ​របស់​យើង​។​ 


​ជា​ចុង​ក្រោយ​ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា​ សម្រាប់​ការ​គាំទ្រ​ និង​ការ​ការពារ​សិទ្ធិ​ និង​សុខុមាលភាព​របស់​កុមារ​។​ ការ​ចូលរួម​របស់​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​វិជ្ជមាន​នៃ​ព្រឹត្តិការណ៍​របស់​យើង​ទៅ​កាន់​សាធារណជន​កាន់តែ​ច្រើន​។​


​ជាមួយ​គ្នា​ដែរ​ ភាព​ជា​ដៃគូ​ និង​ការ​គាំទ្រ​ទាំងនេះ​មិន​ត្រឹមតែ​បាន​រួមចំណែក​ដល់​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ពង្រឹង​ការ​តាំងចិត្ត​របស់​យើង​ក្នុង​ការ​បន្ត​បេសកកម្ម​ឱ្យ​ឆ្ពោះទៅ​មុខ​ទៀត​ផង​ដែរ​។​ យើង​ពិតជា​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ ដែល​មាន​អ្នកគាំទ្រ​ដ៏​ល្អៗ​បែប​នេះ​ឈរ​នៅ​ជាមួយ​យើង​។​


​ព្រឹត្តិការណ៍​ CamIDF​ លើក​ទី​៦​ មិន​ត្រឹមតែ​ជា​ការ​ប្រមូលផ្តុំ​នៃ​គំនិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​។​ ដោយ​ក្នុង​នោះ​វា​បាន​ជំរុញ​ឱ្យ​មានការ​សន្ទនា​ដែល​នឹង​បន្ត​មាន​សន្ទុះ​ក្នុង​សហគមន៍​ ជំរុញ​សកម្មភាព​ និង​ការ​ច្នៃប្រឌិត​។​ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​បន្ត​រុករក​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​របស់​ខ្លួន​ គោលការណ៍​ និង​គំនិត​ដែល​ត្រូវ​បាន​ជំរុញ​នៅ​ CamIDF​ ប្រាកដជា​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​អនាគត​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​ ប្រកបដោយ​បរិ​យា​បន្ន​ និង​ភាព​រីក​ចម្រើន​។​

IMG_4104.jpg
​ 
លោកស្រី​បណ្ឌិត​ Velislava​ HILLMAN​ និង​ Norbert​ KLEIN​ កំពុង​សន្ទនា​គ្នា​អំឡុង​ពេល​សំរាក​

IMG_4618.jpg

រូបថត​ក្រុម​មួយទៀត​ក្នុង​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ លើក​ទី​៦