តើអ្នកគួរដឹងអ្វីខ្លះអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និង Travel Grant ពី Open Development Cambodia?
តើអ្នកគួរដឹងអ្វីខ្លះអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និង Travel Grant ពី Open Development Cambodia?
សួស្តីអ្នកទាំងអស់គ្នា ខ្ញុំមានឈ្មោះថា ឬទ្ធីយ៉ា។ ខ្ញុំត្រូវបានជ្រើសរើសក្នុងទទួលបាន Travel Grant ពី Open Development Cambodia ដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី១៨ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
តើអ្វីទៅជាវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (Internet Governance Forum)?
វេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) គឺជាវេទិកាពហុភាគីសកលដែលជួយសម្រួលដល់កិច្ចពិភាក្សា និងជជែកតវ៉ាលើបញ្ហាផ្សេងៗដែលទាក់ទងនឹងការគ្រប់គ្រងអ៊ីនធឺណិត។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដោយអង្គការសហប្រជាជាតិ (United Nations) ក្នុងឆ្នាំ 2006 ដែលបានបង្កើតឡើងជាលទ្ធផលនៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីសមាគមព័ត៌មានហៅកាត់ WSIS និង ប្រតិបត្តិការក្រោមអាណត្តិរបស់សភានៃអង្គការសហប្រជាជាតិ។
IGF បានផ្តល់ជាកន្លែងមួយសម្រាប់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អាជីវកម្ម អ្នកជំនាញបច្ចេកទេស និងអ្នកជាប់ពាក់ព័ន្ធដទៃទៀត ក្នុងការជួបជុំគ្នា ផ្លាស់ប្តូរគំនិត ចែករំលែកការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងអ៊ីនធឺណិត។ វេទិកានេះមានគោលបំណងក្នុងការជម្រុញឲ្យមានការសន្ទនារួម បើកចំហលើបញ្ហាគោលនយោបាយអ៊ីនធឺណិត និងលើកកម្ពស់កិច្ចសហការក្នុងចំណោមអ្នកដែលជាប់ពាក់ព័ន្ធផ្សេងៗ ។ IGF ក៏ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការបង្កើនការយល់ដឹង និងការសម្របសម្រួល ការពិភាក្សាអំពីប្រធានបទជាច្រើនដូចជាការប្រើប្រាស់អ៊ីនធឺណិត សុវត្ថិភាពអ៊ីនធើណែត សិទ្ធិឌីជីថល ឯកជនភាព មាតិកាអនឡាញ និងបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍន៍ ។ វេទិកានេះត្រូវបានរៀបចំជាសកលរៀងរាល់មួយឆ្នាំម្តង ដែលមានអ្នកចូលរួមមកពីជុំវិញពិភពលោកប្រមូលផ្តុំ ដើម្បីចូលរួមក្នុងការពិភាក្សាទៅលើប្រធានបទទាំងនេះ និងចែករំលែកទស្សនៈរបស់ពួកគេ ។
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចគ្រប់គ្រងអ៊ីនធឺណិតសកលដោយជំរុញការសន្ទនា ជំរុញកិច្ចសហប្រតិបត្តិការ និងសម្រួលដល់ការអភិវឌ្ឍគោលការណ៍និងគោលនយោបាយដែលបានចែករំលែកសម្រាប់អ៊ីនធឺណិត។
តើខ្ញុំដឹងអំពីកម្មវិធីនេះយ៉ាងដូចម្ដេច? ហើយតើខ្ញុំដាក់ពាក្យសុំវាដោយរបៀបណា?
ខ្ញុំបានដឹងពីកម្មវិធី នេះតាមរយៈមិត្តភក្តិតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានចែករំលែកអំពីការបង្ហោះរបស់ Open Development Cambodia ស្តីពីការ Travel Grand ។ បន្ទាប់មក ខ្ញុំបានធ្វើការស្វែងរកព័ត៌មានបន្ថែមទៀតអំពី IGF ហើយក៏បានសម្រេចចិត្តដាក់ពាក្យស្នើសុំ។ ដើម្បីធ្វើដាក់ពាក្យស្នើសុំ យើងត្រូវបំពេញចំណុច លក្ខខណ្ឌ និងតម្រួវការខ្លះៗ។ ទីមួយ យើងត្រូវក្លាយជាសមាជិករបស់ CamIDF តាមរយៈគេហទំព័រ ហើយមានសំណួរមួយចំនួនដែលយើងត្រូវឆ្លើយ ។ បន្ទាប់មក រង់ចាំការទទួលយកជាសមាជិក CamIDF ។ បន្ទាប់ពីនោះ យើងត្រូវបង្ហោះប្រធានបទចំនួន ៥ ដែលទាក់ទងនឹងប្រធានបទរបស់វេទិកានៅលើគេហទំព័រ និងចូលរួមយ៉ាងសកម្មជាមួយនឹងការបង្ហោះរបស់សមាជិកដទៃទៀត។
ការរំពឹងទុករបស់ខ្ញុំចំពោះការចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិត
ពីកម្មវិធីនេះ ខ្ញុំរំពឹងថានឹងទទួលបានការយល់ដឹងកាន់តែជ្រៅអំពីបញ្ហានានាដែលប្រឈមដោយបច្ចេកវិទ្យាដែលទើបតែបង្កើតឡើងថ្មីៗ និងវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ខ្ញុំក៏សង្ឃឹមថានឹងទទួលបានការយល់ដឹងបន្ថែមទៀតពីការចែករំលែករបស់វាគ្មិនទាំងអស់ពីស្ថាប័ននានា រួមទាំងវិស័យឯកជន និង សាធារណៈ ព្រមទាំងចូលរួមសន្ទនាជាមួយអ្នកចូលរួមដទៃទៀត ។ បន្ថែមពីលើនេះ ខ្ញុំក៏មានសេចក្តីរីករាយក្នុងការសហការ និងកសាងទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន អង្គការ និងអ្នកជំនាញក្នុងវិស័យនេះ។