សមាជិក​ថ្មី​នៃ​ CamIDF​ ក្នុង​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​១៨

សមាជិក​ថ្មី​នៃ​ CamIDF​ ក្នុង​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​១៨

 

​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​ណាស់​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ 18​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​ទីក្រុង​ក្យូ​តូ​ ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី​ 8​ ដល់​ថ្ងៃ​ទី​ 12​ ខែតុលា​កន្លង​ទៅ​នេះ​។​
​បង្កើត​ឡើង​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ និង​រៀបចំ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ប្រធានបទ​សំខាន់​ក្នុងឆ្នាំនេះ​គឺ​ "The​ Internet​ We​ Want​ -​ Empowering​ All​ People"​ ជាមួយនឹង​ប្រធានបទ​រង​ជា​ច្រើន​ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ផ្សេងៗ​ដូច​ជា​៖​ បញ្ញា​សិប្បនិម្មិត​ និង​ និរន្តរភាព​។​
​ដូចដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្លក់​មុន​អ៊ីចឹង​ដែរ​ គឺ​ខ្ញុំ​ចាប់អារម្មណ៍​ទៅ​លើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សកល​ សន្តិសុខ​ និង​និរន្តរភាព​។​ ដូច្នេះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​វគ្គ​ជា​ច្រើន​នៅ​ក្រោម​ប្រធានបទ​ទាំងនេះ​។​ ឥឡូវ​ខ្ញុំ​រីករាយ​នឹង​ចែករំលែក​បទ​ពិសោធន៍​មួយ​នេះ​ ដែល​ខ្ញុំ​នឹងរ​រៀបរាប់​អំពី​សកម្មភាព​សំខាន់ៗ​អំឡុង​ពេល​ប្រាំ​ថ្ងៃ​ និង​ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​វេទិកា​នេះ​។​


​ថ្ងៃ​ទី​ ០
​នៅ​ថ្ងៃ​ទី​ 8​ ខ្ញុំ​បាន​ចូលរួម​វគ្គ​មួយ​ស្តី​ពី​ “Youth​ Participation—Cocreating​ the​ Insafe​ Network”​ ដែល​វាគ្មិន​ និង​អ្នកចូលរួម​បាន​ចែករំលែក​ការ​អនុវត្ត​ល្អៗ​ក្នុង​តំបន់​របស់​ពួក​គេ​ទៅ​លើ​កិច្ចការ​ការពារ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​មតិ​របស់​យុវជន​ទទួល​បានការ​យកចិត្តទុកដាក់​ និង​យក​មក​ពិចារណា​នៅ​ពេល​បង្កើត​គោលនយោបាយ​ និង​ធនធាន​ដែល​មាន​ប្រយោជន៍​ដល់​ការ​ការពារ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​
​ក្រោយមក​ នៅ​ពេល​រសៀល​ ខ្ញុំ​បាន​ចូលរួម​ជាមួយ​តំណាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ក្រុម​យុវជន​ YIGF​ កម្ពុជា​ ក្នុង​កិច្ច​សន្ទនា​ជាមួយនឹង​តំណាង​អង្គការ​ ICANN​ ។​ ខ្ញុំ​ចាប់អារម្មណ៍​លើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​យុវជន​ YIGF​ កម្ពុជា​អំពី​គម្រោង​ដែល​ពួក​គាត់​បាន​អនុវត្ត​ដែល​បាន​រួមចំណែក​ដល់​បរិបទ​អ៊ីនធឺណិត​និង​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​។​ 
​វគ្គ​បន្ទាប់​គឺជា​កិច្ច​ពិភាក្សា​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ស្តី​ពី​អ៊ីនធឺណិត​ដែល​យើង​ចង់បាន​។​ វាគ្មិន​មក​ពី​ផ្នែក​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​បាន​ចែករំលែក​គំនិត​ចម្រុះ​ទាក់​ទក​នឹង​ប្រធានបទ​នេះ​ ហើយ​យោបល់​របស់​ពួក​គាត់​ទាក់ទង​នឹង​ “​អ៊ិ​ន​ធឺ​ណិ​ត​ដែល​យើង​ចង់បាន​”​ គឺ​ខុស​គ្នា​ទៅ​តាម​កាលៈទេសៈ​ និង​បរិបទ​ដែល​ពួក​គាត់​ជួប​ប្រទះ​។​


​ថ្ងៃ​ទី​ ០១
​នៅ​ថ្ងៃ​ច័ន្ទ​ទី​ 9​ ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ខ្លី​មួយ​ស្តី​ពី​ “The​ New​ European​ Toolbox​ for​ Cyber​ Security​ Regulation”​។​ គោលបំណង​នៃ​ក្នុង​នេះ​គឺ​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ជាក់ស្តែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ និង​ធានា​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ដែល​ប្រើប្រាស់​ដោយ​បទ​ប្បញ្ញត្តិ​ (regulations)​ ដើម្បី​បង្កើន​ភាព​ធន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ឌី​ជី​ថ​ល​និង​មិនមែន​ឌី​ជី​ថ​ល​។​ វា​ក៏​មាន​គោលបំណង​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​បង្កើត​បទ​ប្បញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​ស្តី​អំពី​សន្តិសុខ​តាម​អ៊ីនធឺណិត​កម្រិត​អឺរ៉ុប​ ដែល​នាំ​ឱ្យ​ខ្ញុំ​ស្គាល់​បទ​ប្បញ្ញត្តិ​ NIS​ 2​ ហើយ​ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​វា​។​
​បន្ទាប់​ពី​នេះ​ ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​ជា​ផ្លូវការ​ដែល​មានការ​ចូលរួម​ដោយ​ឯកឧត្តម​ Fumio​ Kishida​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​ និង​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​លោក​ António​ Guterres​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

g.jpg

​សកម្មភាព​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ថ្ងៃនេះ​គឺ​ ខ្ញុំ​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​ “Cooperation​ For​ a​ Green​ Digital​ Future”​ ។​ សម្រាប់​ខ្ញុំ​ សិក្ខាសាលា​នេះ​រាង​ពិបាក​យល់​បន្តិច​ដោយសារ​មាន​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​ដែល​លើស​ពី​ការ​យល់​ដឹង​របស់ខ្ញុំ​ ដូច​ជា​ green​ digital,​ supercomputing,​ digital​ waste,​ data​ pooling​ និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ និង​ឌី​ជី​ថ​ល​មួយ​ចំនួន​ដែល​មិន​ទាន់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​។​
​​ថ្ងៃទី​ ០២
​ខ្ញុំ​បាន​ចូលរួម​ពីរ​វគ្គ​ក្នុងថ្ងៃនេះ​ ។​ វគ្គ​ទី​មួយ​គឺ​ “Climate​ Change​ and​ Technology​ Implementation”​។​ ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​គំនិត​ផ្តួចផ្តើម​អំពី​បញ្ញា​ស​ម្ប​និម្មិត​ដែល​ដឹកនាំ​ដោយ​យុវជន​ដូច​ជា​៖​ ការ​ព្យាករណ៍​អាកាសធាតុ​ ការ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ និង​ការ​កាត់​បន្ថយ​តម្រូវការ​អគ្គិសនី​និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម​។​ មាន​វាគ្មិន​ម្នាក់​មក​ពី​ Climate​ Youth​ Japan​ បាន​សង្ខេប​ការ​ពិភាក្សា​ វិភាគ​ករណី​ ផ្តល់​ជា​យោបល់​ ហើយ​បាន​ណែនាំ​គេហទំព័រ​ Climate​ Youth​ Japan​ សម្រាប់​ទិន្នន័យ​បន្ថែម​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​អនុវត្ត​បច្ចេកវិទ្យា​។​
​វគ្គ​ទី​ពីរ​គឺ​អំពី​ “AI-Driven​ Learning​ Revolution​ in​ Cambodian​ Higher​ Education”​។​ មាន​វាគ្មិន​ជនជាតិ​ខ្មែរ​ម្នាក់​គឺ​លោក​ ហេង​ សុខ​ឡាយ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បញ្ញា​ស​ម្ច​និម្មិត​ (AI)​  និង​ជា​សាស្ត្រាចារ្យ​នៅ​បណ្ឌិត្យសភា​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​។​ ការ​ពិភាក្សា​នេះ​បាន​គ្របដណ្តប់​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ដាក់​ប​ញ្ជូ​ល​ AI​ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ភ្ជាប់​មក​ជាមួយ​នូវ​ឱកាស​ ដែន​កំណត់​ និង​បញ្ហា​ប្រឈម​។​ កិច្ច​ពិភាក្សា​នេះ​ក៏​បាន​បង្ហាញ​ទស្សនៈ​របស់​និស្សិត​កម្ពុជា​ម្នាក់​ទាក់​ទាង​នឹង​ការ​ប្រើប្រាស់​ AI​ ដើម្បី​ជួយ​ដល់​ការ​សិក្សា​ផង​ដែរ​។​
ថ្ងៃ​ទី​ ០៣
​ក្នុងថ្ងៃនេះ​ ខ្ញុំ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ចំនួន​ពីរ​។​ សិក្ខាសាលា​ទី​មួយ​ស្តី​អំពី​ “How​ Digital​ Cooperation​ Can​ Contribute​ to​ the​ Battle​ for​ Our​ Environment”​ ។​ បច្ចេកវិទ្យា​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​តម្រូវការ​ផ្ទាល់ខ្លួន​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ផង​ដែរ​ មិន​ថា​តាម​រយៈ​ការ​សម្របសម្រួល​ទៅ​លើ​វិធីសាស្ត្រ​ថ្មីៗ​ដែល​ប្រសិទ្ធភាព​ ឬ​ដោយ​អនុញ្ញាត​ឱ្យ​យើង​វាស់វែង​ និង​វិភាគ​ផល​ប៉ះពាល់​នៃ​សកម្មភាព​របស់​យើង​ចំពោះ​បរិស្ថាន​។​
​បន្ទាប់​ពី​នេះ​ ខ្ញុំ​មាន​វត្ត​មាននៅ​ក្នុង​វេទិកា​បើកចំហ​មួយ​ស្តី​ពី​ “Accelerating​ an​ Inclusive​ Energy​ Transition”​។​  វគ្គ​នេះ​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ០៧​ (SDG​ 7:​ affordable​ and​ clean​ energy)​ និង​ ទី​ ១៧​ (SDG​ 17:​ partnerships​ for​ the​ goals)​។​ វា​ត្រូវ​បាន​គេ​អះអាង​ថា​ ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ដែល​កំពុង​រីក​ចម្រើន​ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ថាមពល​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ចំណែក​នៃ​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​ចំណោម​ថាមពល​ផ្សេង​ទៀត​ក្នុង​សកល​ ហើយ​វា​ក៏​ជួយ​ការ​កែ​លម្អ​ប្រសិទ្ធភាព​ថាមពល​ផង​ដែរ​។​ មាន​វាគ្មិន​ខ្មែរ​ម្នាក់​បាន​បកស្រាយ​យ៉ាង​លម្អិត​អំពី​ការ​ចាប់ផ្តើម​បង្កើត​អនាគត​ថាមពលបៃតង​ក្នុង​តំបន់​អាស៊ាន​តាម​រយៈ​យុវជន​ ដោយ​គាត់​បាន​ផ្តល់​យោបល់​ឱ្យ​មានការ​គាំទ្រ​បច្ចេកវិទ្យា​ដែល​ដឹកនាំ​ដោយ​យុវជន​ ការងារ​បៃតង​ និង​គំនិត​ផ្តួចផ្តើម​អ៊ីនធឺណិត​របស់​យុវជន​ ដូច​ជា​ក្រុម​យុវជន​ YIGF​ កម្ពុជា​ ជាដើម​។​


​ថ្ងៃ​ទី​ ០៤
​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុងឆ្នាំនេះ​។​ មាន​វគ្គ​មួយ​ដែល​ខ្ញុំ​ត្រៀម​នឹង​ចូលរួម​ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ដែល​វគ្គ​នោះ​ត្រូវ​បាន​រំសាយ​វិញ​។​ យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ប្រើ​ពេលវេលា​នោះ​យ៉ាង​ល្អ​ដោយ​ការ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ ទស្សនា​ស្តង់​ និង​ បង្កើត​ទំនាក់ទំនង​។​ ខ្ញុំ​បាន​ស្គាល់​មិត្ត​ថ្មីៗ​មួយ​ចំនួន​ ។​ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ណែនាំ​ខ្ញុំ​ឱ្យ​ស្គាល់​និង​ចូលរួម​ជាមួយ​សហគមន៍​យុវជន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ឆ្នាំ​នេះ​។​ វា​ជា​កន្លែង​ដែល​ខ្ញុំ​ទទួល​បាន​ឱកាស​បន្ត​ពង្រីក​ទំនាក់ទំនង​ និង​ស្គាល់​ឱកាស​ថ្មីៗ​។​ 
​ទាំងនេះ​គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ 18​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​។​ ខ្ញុំ​រីករាយ​ដែល​បានឃើញ​វាគ្មិន​មក​ពី​ប្រទេស​កម្ពុជា​មាន​វត្ត​មាននៅ​ក្នុង​វេទិកា​កម្រិត​ពិភពលោក​មួយ​នេះ​។​ ខ្ញុំ​ចូល​ចិត្ត​វគ្គ​ទាំងអស់​ ប៉ុន្តែ​វគ្គ​មួយ​អំពី​ “Youth​ Participation—Cocreating​ the​ Insafe​ Network”​ បាន​ទាក់ទាញ​ចំនាប់អារម្មណ៍​របស់ខ្ញុំ​យ៉ាង​ខ្លាំង​។​ ទោះបីជា​ធម្មតា​ខ្ញុំ​ចាប់អារម្មណ៍​ប្រធានបទ​ទាក់ទង​នឹង​បរិស្ថាន​និង​និរន្តរភាព​ជាងគេ​ តែ​វគ្គ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ការពារ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មិនសូវ​ត្រូវ​បាន​គេ​លើកយក​មក​ពិភាក្សា​ច្រើន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
​ក្រៅពី​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ ខ្ញុំ​ក៏​បាន​ទៅ​ទស្សនា​រម្ម​នី​យ​ដ្ឋា​ន​និង​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ក្នុង​ទីក្រុង​ក្យូ​តូ​ សាកល្បង​អាហារ​ផ្សេងៗ​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ​។​ ខ្ញុំ​ចាប់អារម្មណ៍​និង​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​បង្កើន​គុណភាព​ជីវិត​នៅ​ក្នុង​ប្រទេស​នេះ​។​

 


​ការ​ឆ្លុះ​បញ្ចាំង​


​បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ឆ្នាំ​នេះ​ ខ្ញុំ​សូម​ចែករំលែក​សេចក្តីសន្និដ្ឋាន​ផ្តា​ល់​ខ្លួន​អំពី​ "​អ៊ីនធឺណិត​ដែល​យើង​ចង់បាន​៖​ ដើម្បី​លើកកម្ពស់​មនុស្ស​គ្រប់​គ្នា​"​។​ ខ្ញុំ​គិត​ថា​អ៊ីនធឺណិត​គួរតែ​មាន​សុវត្ថិភាព​ វត្តមាន​(​គ្រប់​ទីកន្លែង​)​ និង​ បរិ​យា​ប័ន្ន​ ចាប់ពី​កុមារ​រហូត​ដល់​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ និង​ ជនភៀសខ្លួន​ជាដើម​។​ ការ​ធ្វើ​ដូច្នេះ​ យើង​អាច​ភ្ជាប់​ទំនាក់ទំនង​និង​លើកកម្ពស់​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​រួម​គ្នា​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​ធ្វើការ​លើ​បុព្វហេតុ​សកល​ផ្សេងៗ​ ដូច​ជា​បរិស្ថាន​និង​និរន្តរភាព​ជាដើម​។​
​សូម​បញ្ជាក់​ថា​វេទិកា​នេះ​មិន​មាន​សេចក្តីសម្រេច​ជា​រួម​លើ​ប្រធានបទ​នោះ​ទេ​។​ មតិយោបល់​របស់​អ្នកចូលរួម​ទៅ​លើ​ “​អ៊ីនធឺណិត​ដែល​យើង​ចង់បាន​”​ គឺ​ខុសៗ​គ្នា​ ហើយ​មតិ​របស់ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​ពី​វគ្ក​និង​សិក្ខាសាលា​ក្រោម​ប្រធានបទ​ដែល​ខ្ញុំ​បាន​ចូលរួម​។​ សូម​ចូល​ទៅ​គេហទំព័រ​ផ្លូវការ​របស់​ វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ សម្រាប់​លទ្ធផល​បន្ថែម​ពី​វេទិកា​នេះ​ រួម​ទាំង​ឯកសារ​ព្រាង​ចំពោះ​ចក្ខុវិស័យ​លើ​ "​អ៊ីនធឺណិត​ដែល​យើង​ចង់បាន​"​ ដែល​ចេញផ្សាយ​ពី​វេទិកា​ភាព​ជា​អ្នកដឹកនាំ​នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​។​


​ចុង​ក្រោយ​
​សរុប​មក​ ការ​ចូលរួម​ក្នុង​វេទិកា​ពិភពលោក​ប្រចាំឆ្នាំ​មួយ​នេះ​គឺជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ដែល​បាន​ផ្តល់​ឱកាស​នេះ​ដល់​ខ្ញុំ​។​ វា​ជា​ក្តី​សុបិន​និង​ជា​លើក​ដំបូង​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​។​ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​យុវជន​ YIGF​ កម្ពុជា​ផង​ដែរ​ ដែល​បាន​ជួយ​សម្របសម្រួល​ក្នុងអំឡុងពេល​ដែល​ខ្ញុំ​នៅ​ប្រទេស​ជប៉ុន​។​ ពួក​គាត់​ផ្តល់​ការ​គាំទ្រ​ និង​ស្មារតី​ដ៏​ស្វាហាប់​ ហើយ​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​បាន​ចូលរួម​ជាមួយ​ពួក​គាត់​ធ្វើការ​លើ​គំនិត​ផ្តួចផ្តើម​នា​ពេល​អនាគត​ដែល​រួមចំណែក​ដល់​បរិបទ​អ៊ីនធឺណិត​ និង​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​។​


 

Related Posts