បទពិសោធរបស់ខ្ញុំនាវេទិកាអភិបាលកិច្ចអ៊ីនធឺណិតលើកទី១៨
សួស្ដីអ្នកទាំងអស់គ្នា និងស្វាគមន៍មកកាន់ ប្លុក របស់ខ្ញុំ។ ខ្ញុំឈ្មោះ ឬទ្ធីយ៉ាជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់មកពីកម្ពុជានៅក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) លើកទី ១៨ ដែលបានប្រារព្ធឡើងនៅ ក្យូតុ ប្រទេសជប៉ុនកាលពីខែតុលាកន្លងទៅ។
អស់រយៈពេលជាង ២ ខែមកហើយចាប់តាំងពីការចូលរួមក្នុងកម្មវិធី IGF របស់ខ្ញុំ ហើយខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ ដែលរូបនាងខ្ញុំអាចមានឱកាស ចូលរួមក្នុងកម្មវិធីនេះ និងទទួលបាននូវបទពិសោធ ដ៏អស្ចារ្យថ្មីៗក្នុងប្រទេសជប៉ុន។
នេះគឺជាប្លុក របស់ខ្ញុំដែលបានសរសេរឡើងអំពីបទពិសោធបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធី IGF ។
សកម្មភាពប្រចាំថ្ងៃរបស់ IGF
អំឡុងពេលកម្មវិធី IGF នៅ ក្យូតុ ប្រទេសជប៉ុនសកម្មភាពទាំងអស់គឺត្រូវបានរៀបចំឡើង តាមកាលវិភាគនៃថ្ងៃនីមួយៗ។
នៅថ្ងៃទីមួយ គឺមាន ពិធីបើកកម្មវិធី ដែលមានការសម្តែង និងការថ្លែងសុន្ទរកថាបើកកម្មវិធីពីបុគ្គលសំខាន់ៗ អ្នកតំណាងនៃអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីជប៉ុន។ ក្រៅពីនោះក៏មាន ការប្រជុំបែងចែកជាក្រុមតូចៗដែលមានវាគ្មិនបានលើកឡើងនូវដំណោះស្រាយ និងសារៈសំខាន់នៃអភិបាលកិច្ចអ៊ីនធឺណិត។
ថ្ងៃទី ២ បានផ្តោតលើសិក្ខាសាលា និងការពិភាក្សាដេញដាលដោយគ្របដណ្តប់លើប្រធានបទជាច្រើនដូចជា សិទ្ធិឌីជីថល សុវត្ថិភាពអ៊ីនធឺណែតនិងការចូលទៅប្រើប្រាស់អ៊ីនធឺណែត។
នៅថ្ងៃទី ៣ មានវគ្គពិភាក្សាបន្ថែមទៀត រួមមានការពិភាក្សាតុមូល និងការប្រជុំជាក្រុម ដែលអ្នកចូលរួមអាចមានឱកាសចូលរួមក្នុងការសន្ទនាយ៉ាងស៊ីជម្រៅ និងចែករំលែកគំនិតទៅតាមជំនាញរបស់ពួកគេ ។
ថ្ងៃទី ៤ មានវគ្គសិក្សាក្នុងការបង្កើនសមត្ថភាព និងសិក្ខាសាលាហ្វឹកហាត់ផ្សេងទៀត ដែលផ្ដល់ឡើងក្នុងគោលបំណងចង់ឱ្យ អ្នកចូលរួមមានឱកាសបណ្តុះជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីដោះស្រាយបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត ។
នៅថ្ងៃចុងក្រោយនៃកម្មវិធី គីមានការបិទសរុបពីលទ្ធផលនៃកម្មវិធី ព្រមទាំងផែនការនាពេលអនាគតសម្រាប់អភិបាលកិច្ចអ៊ីនធឺណិតផងដែរ។
ជារួមកម្មវិធី IGF នៅក្យូតុបានផ្តល់ជាវេទិកាមួយសំរាប់អ្នកជាប់ពាក់ព័ន្ធមកពីជុំវិញពិភពលោក អាចជួបជុំគ្នាផ្លាស់ប្តូរគំនិត និងសហការគ្នាក្នុងការ រៀបចំអនាគតនៃអភិបាលកិច្ចអ៊ីនធឺណិត ។
ផ្នែកដែលខ្ញុំចូលចិត្តអំពីកម្មវិធី IGF
ក្នុងចំណោមវគ្គនិងសកម្មភាពទាំងអស់នៅក្នុងកម្មវិធី IGF ខ្ញុំពេញចិត្តនូវសកម្មភាពប្រជុំកម្រិតខ្ពស់ និងវគ្គពិភាក្សាដេញដោល ជាងគេ។ ក្នុងនោះ ខ្ញុំអាចរៀនពីវាគ្មិនសំខាន់ៗអំពីបទពិសោធ និងចំណេះដឹងដ៏ស៊ីជម្រៅរបស់ពួកគាត់ ដែលគំនិតនិងដំណោះស្រាយខ្លះគឺថ្មីសម្រាប់ខ្ញុំ និងប្រទេសរបស់យើង។ ចំណែកឯការពិភាក្សាតុមូលវិញបានអនុញ្ញាតឱ្យ ខ្ញុំដឹងពី ទស្សនៈផ្សេងៗគ្នា អំពីប្រធានបទផ្សេងៗជាមួយនឹងភាពជាក់ស្តែងនិងឧទាហរណ៍ជាច្រើន។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណទៅដល់ អង្គការទិន្នន័យអំពីការអភិវឌ្ឍចំពោះឱកាសដ៏អស្ចារ្យនេះ ដែលបានអនុញ្ញាតឱ្យ ធ្វើការសិក្សាបន្ថែមទៀតអំពីអភិបាលកិច្ចអ៊ីនធឺណិត ។
កុំភ្លេចចូលរួមកម្មវិធី IGF លើកទី១៩ នៅឆ្នាំក្រោយទាំងអស់គ្នា។