វេទិកា អាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៣
នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍន (អូឌីស៊ី) បានរៀបចំ វេទិកា អាយស៊ីធី និងឌីជីថលកម្ពុជា (CamIDF)លើកទី៣ នៅរាជធានីភ្នំពេញដោយមាន សមាសភាពចូលរួមមានចំនួន ៤១ នាក់ក្នុងនោះស្ត្រីមានចំនួន ១៤នាក់ ដែលជា សមាជិក CamIDF, Cambodia ICT Camp alums, មន្ត្រីរដ្ឋាភិបាល, អង្គការសង្គមស៊ីវិល, សហគមន៍ជនជាតិដើមភាគតិច, សហគមន៍ LGBT+, អ្នកសារព័ត៌មាន, អ្នកការពារសិទ្ធិឌីជីថល, , វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ វេទិកានេះមានការពិភាក្សាអំពីគោលនយោបាយបរិវត្តកម្មឌីជីថល គោលនយោបាយការពារកុមារតាមអ៊ីនធឺណិត និងប្រធានបទផ្សេងៗទៀត។
គោលបំណងចម្បងនៃ វេទិកា អាយស៊ីធី និងឌីជីថលកម្ពុជាលើកទី៣គឺ៖ ទីមួយ ដើម្បីពិភាក្សាអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិឌីជីថលរបស់ប្រទេសកម្ពុជា ជាពិសេសការចុះបញ្ជីដែនជាតិ។ ទីពីរ ស្វែងយល់ពីទិដ្ឋភាពថ្មីនៃសង្គមឌីជីថល និងក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ។
វគ្គព្រឹក
កិច្ចពិភាក្សា រយៈពេលមួយថ្ងៃនេះ បានចាប់ផ្តើមជាមួយនឹង សន្ទរកថាស្វាគមន៍ពីលោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍន (អូឌីស៊ី) ។ លោកបានថ្លែងពី ចំនុចសំខាន់ៗចនៃវេទិកា អាយស៊ីធី និងឌីជីថលកម្ពុជាលើកទី២ ដែលផ្តោតលើអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ។ ប្រធានបទសម្រាប់កិច្ចពិភាក្សាលើកទី៣ គឺគោលនយោបាយបរិវត្តកម្មឌីជីថល ដែលមានការចូលរួម ធ្វើបទបង្ហាញ ពីមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
លោក ធី ទ្រី ក៏ជំរុញឱ្យអ្នកចូលរួមក្លាយជាសមាជិក CamIDF ដែលគ្រប់គ្នាអាចចុះឈ្មោះតាមរយៈគេហទំព័រ CamIDF ។ គេហទំព័រ CamIDF គឺជាវេទិកាសម្រាប់សមាជិក CamIDF ប្រើប្រាស់ដើម្បីពិភាក្សាអំពីប្រធានបទណាមួយទាក់ទងនឹងបញ្ហាឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ អាយស៊ីធី ប្រកបដោយនិរន្តរភាព និងបរិយាប័នសម្រាប់ការអភិវឌ្ឍន៍ឌីជីថល។
បន្ទាប់មក ការបញ្ចប់ការ ថ្លែងសន្ទរកថារបស់ លោក ធី ទ្រី លោកស្រី Elizabeth Liew អ្នកដឹកនាំអភិវឌ្ឍន៍កម្មវិធី និងភាពជាដៃគូយុទ្ធសាស្ត្រសកល នៅ TechSoup និងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សា CamIDF បាន មានមតិសំណាល ជាមួយអ្នកចូលរួម។ នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Elizabeth Liew បានស្នើឱ្យអ្នកចូលរួមប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីស្កែនកូដ QR ដើម្បី សរសេរ ឧបសគ្គឌីជីថលដែលរារាំងអ្នកចូលរួមពីការអនុវត្តភារកិច្ចរបស់ពួកគេនៅតាមរយះកម្មវិធី Jam Board ។
បន្ទាប់ពីបំពេញទម្រង់បែបបទរួច អ្នកចូលរួមបានលើកឡើងពីឧបសគ្គឌីជីថលមួយចំនួន រួមមាន អ៊ីនធឺណិតមានការរអាក់រអួល កង្វះខាតធនធានមនុស្ស អក្ខរកម្មឌីជីថល គម្លាតឌីជីថល កង្វះខាតថវិកា ការប្រើប្រាស់ កម្មវិធីពុំមានអាជ្ញាប័ណ្ណជាដើម។ បន្ទាប់មក លោកស្រី Elizabeth Liew ក៏បានលើកឡើងអំពីដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយឧបសគ្គឌីជីថលទាំងនោះ។ លោកស្រីបានបន្ថែមថា ការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គគួរតែចាប់ផ្តើមជាមួយនឹងការដោះស្រាយវិសមភាព ការបន្តកម្មវិធីអក្ខរកម្មឌីជីថល ការបង្កើនការចូលរួមពីភាគីពាក់ព័ន្ធ និងការតស៊ូមតិសម្រាប់អភិបាលកិច្ចល្អ។
លោក ង៉ូវ ជីហ័រ ប្រធានផ្នែកទំនាក់ទំនង នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍន បានចែករំលែកនូវ លទ្ធផលមូយចំនួនពី វេទិកា អាយស៊ីធី និងឌីជីថលកម្ពុជាលើកទី២ ដែលបានធ្វើឡើងកាលពីថ្ងៃ ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២។
បន្ទាប់មក លោក Dixon Siu វិស្វករកម្មវិធីនៅក្រុមហ៊ុន Fujitsu Limited និងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សា CamIDF បានចែករំលែកសុន្ទរកថារបស់គាត់លើគោលការណ៍ការពារកុមារតាមអ៊ីនធឺណិត។ លោក Dixon Siu ក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្សសួរសំណួរ និងស្នើប្រធានបទណាមួយដើម្បីពិភាក្សា។ លោកក៏បានស្នើប្រធានបទមួយចំនួនសម្រាប់អ្នករៀបចំវេទិកា អាយស៊ីធី និងឌីជីថលកម្ពុជា ដើម្បីផ្តោតលើកិច្ចពិភាក្សានាពេលអនាគត រួមទាំងចំណេះដឹងផ្នែកឌីជីថល និងសុវត្ថិភាពឌីជីថលផងដែរ។
ទិដ្ឋភាពទូទៅនៃគោលនយោបាយវត្តកម្មឌីជីថល
លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍន បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថល ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងពេលបច្ចុប្បន្ន។
ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បានធ្វើបទបង្ហាញអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ដោយលើកឡើងពីថេរវេលា និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ។
នៅក្នុងពេលធ្វើបទបង្ហាញ ឯកឧត្តម ជា សេរីវឌ្ឍ បានពន្យល់អំពីការអនុវត្តនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ រួមមាន (១) រដ្ឋាភិបាលអេឡិចត្រូនិក ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងការតភ្ជាប់ឌីជីថល និងការតភ្ជាប់អ៊ីនធឺណិតល្អ; (២) រដ្ឋាភិបាលបើកចំហ៖ រដ្ឋាភិបាលបើកទូលាយក្នុងការទទួលយកមតិកែលម្អពីប្រជាពលរដ្ឋជាមួយនឹងទិន្នន័យបើកចំហដែលអនុញ្ញាតឱ្យ ធុរកិច្ច និងរដ្ឋាភិបាលអាចតភ្ជាប់គ្នាបាន។ (3) ការប្រមូលទិន្នន័យ និងការវិភាគ; (4) ការផ្លាស់ប្តូរពេញលេញ - ប្រព័ន្ធពីក្រសួងនីមួយៗមានការតភ្ជាប់គ្នា ជាឧទាហរណ៍ សេវាច្រកចេញចូលតែមួយ។ និង (5) រដ្ឋាភិបាលឌីជីថលឆ្លាតវៃ៖ ប្រជាពលរដ្ឋអាចទទួលបានទិន្នន័យណាមួយពីរដ្ឋាភិបាល។
ឯកឧត្តម ជា សេរីវឌ្ឍបានបញ្ជាក់ថា រដ្ឋាភិបាលឌីជីថលនឹងផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ ដោយទទួលបានមតិយោបល់ពីពួកគេ ដើម្បីស្វែងយល់អំពីធនធាន និងចំណេះដឹងរបស់ប្រជាពលរដ្ឋ និងអប់រំប្រជាពលរដ្ឋអំពីវេទិការទាំងនោះ។
វេលារសៀល
នៅរសៀល លោក Eric Lou នាយកប្រតិបត្តិនៃក្រុមហ៊ុន OneWorld Information Technology និងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សា CamIDF បានបញ្ជាក់ថា មនុស្សគ្រប់គ្នាអាចក្លាយជាសមាជិករបស់ CamIDF ទោះបីជាពួកគេជាជនបរទេសក៏ដោយ។ លោកបន្ថែមថា មនុស្សគ្រប់រូបក៏អាចបង្កើតប្រធានបទរបស់ពួកគេដើម្បីសួរសំណួរ ហើយរាល់កិច្ចសន្ទនា និងការពិភាក្សានឹងត្រូវបានរក្សាការសម្ងាត់ ត្រូវបានឃើញតែក្នុងចំណោមសមាជិក CamIDF ប៉ុណ្ណោះ។
ក្នុងវគ្គបន្ទាប់ លោក ឌុច ពិសិដ្ឋ អ្នកឯកទេសសិទ្ធិមនុស្ស បានលើកឡើងពីភាពខុសគ្នារវាងច្បាប់សន្តិសុខ សាយប័រ និងច្បាប់ស្ដីពីបទល្មើស បច្ចេកវិទ្យា។ លោកបានបន្ថែមថា ច្បាប់សន្តិសុខសាយប័រ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៃ សេវាកម្មបច្ចេកវិទ្យា ខណៈដែល បទល្មើស បច្ចេកវិទ្យា ផ្តោតលើសកម្មភាពខុសច្បាប់ ឬឧក្រិដ្ឋកម្ម។ បន្ទាប់មកគាត់បានពន្យល់ពីរបៀបដែលការអនុវត្តទិសដៅទាំងពីរអាចប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធឺណិតរបស់ពលរដ្ឋ។
លោក Dixon SIU វិស្វករ សុសវែរ នៃក្រុមហ៊ុន Fujitsu Limited និងជាសមាជិកនៃគណៈកម្មាធិការប្រឹក្សា CamIDF បានធ្វើបទបង្ហាញអំពីឯកជនភាពទិន្នន័យកុមារ។ គាត់បានចែករំលែកគន្លឹះមួយចំនួនដើម្បីការពារការរំលោភបំពានលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំង ការសុំការយល់ព្រមពីកុមារនៅពេលថតរូប ឬបង្ហោះរូបថតរបស់ពួកគេ និងការណែនាំសម្រាប់កុមារ។
វេទិកា អាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៣ ត្រូវបានបញ្ចប់ដោយ លោក Dixon SIU។ លោកបាន លើកទឹកចិត្តដល់សមាជិក CamIDF ត្រូវរំលឹកពីសសរស្ដម្ភ ទាំងបីគឺ ទី១ ចំណង់ចំណូលចិត្តដែលតម្រូវឲ្យសមាជិក CamIDF ត្រូវមានឆន្ទៈដើម្បីជោគជ័យ។ ទីពីរ ចំណេះដឹងធ្វើឱ្យជម្រើសកាន់តែប្រសើរឡើង។ ហើយចុងក្រោយ បណ្តាញមានន័យថាសមាជិក CamIDF ទាំងអស់គឺជាមិត្តដែលមានជំនាញផ្សេងៗពីគ្នា។