យុវជនជនជាតិដើមភាគតិចចារ៉ាយបានចូលរួមវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពជាលើកដំបូង
ខ្ញុំមានសេចក្តីរីករាយដែលខ្ញុំបានក្លាយជាសមាជិកនៃកម្មវិធីកម្ពុជាអាយស៊ីធីខែម និងវេទិកាអាយស៊ីធីនិងឌីជីថលកម្ពុជា (CamIDF) ព្រោះវាអនុញ្ញាតឱ្យខ្ញុំទទួលបានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាព និងឱកាសចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ ដូចជាវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពជាដើម។ ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោង “ទិន្នន័យបើកទូលាយសម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិច” ដែលធ្វើបទបង្ហាញដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពលើកទីប្រាំនៅទីក្រុងប៉ារីស។ គម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់រយនាក់ ឱ្យយល់ដឹងកាន់តែប្រសើរឡើងអំពីស្ថានភាពជនជាតិដើមភាគតិចនៅកម្ពុជា។ ការទទួលបានទិន្នន័យ និងព័ត៌មានកាន់តែប្រសើរឡើង នឹងជួយក្រុមជនជាតិដើមភាគតិចឱ្យដឹងពីសិទ្ធិរបស់ខ្លួនក្នុងការគ្រប់គ្រង និងការសម្រេចចិត្តដោយខ្លួនឯង។
នេះជាលើកទីមួយរបស់ខ្ញុំដែលបានចូលរួមវេទិកាអន្តរជាតិ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃបានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ខ្ញុំបានបង្ហាញពីគម្រោងនេះដល់អ្នកចូលរួមមកពីផ្នែកផ្សេងៗដូចជា និស្សិត អ្នកដឹកនាំ អ្នកឯកទេស និងអ្នកជំនាញដែលមកទស្សនានៅស្តង់របស់យើង។ ជាពិសេសខ្ញុំបានជួបជាមួយឯកឧត្តម កេត សុផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ ឯកឧត្តមយល់ឃើញថាគម្រោងរបស់យើងពិតជាគួរឱ្យចាប់អារម្មណ៍។ បទពិសោធន៍ទាំងអស់នេះនឹងពង្រឹងសមត្ថភាពរបស់ខ្ញុំក្នុងការទំនាក់ទំនង និងការអភិវឌ្ឍខ្លួនឯង។ លើសពីនេះ ខ្ញុំបានចូលរួមក្នុងវគ្គជាច្រើនស្តីពីទិន្នន័យ ឌីជីថល និងបញ្ហាសកល ក៏ដូចជាការជជែកដេញដោលជុំវិញស្ថានភាពរបស់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ វគ្គស្តីពី “អ៊ុយក្រែន និងរុស្ស៊ី” បានធ្វើឱ្យខ្ញមានការចង់ដឹងចង់ឃើញ ព្រោះវាទាក់ទងទៅនឹងជំនាញរបស់ខ្ញុំនៅមហាវិទ្យាល័យ។
លើសពីនេះទៀត ខ្ញុំបានរៀនពីរបៀបដែលពួកគេរៀបចំសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ។ បទពិសោធន៍ទាំងអស់នេះនឹងមានប្រយោជន៍ដល់មុខតំណែងបច្ចុប្បន្នរបស់ខ្ញុំនៅកន្លែងធ្វើការ និងអាជីពនាពេលអនាគត។ ជាងនេះទៅទៀត វាលើកកម្ពស់ការចូលរួមរបស់ជនជាតិដើមភាគតិចវ័យក្មេងនៅក្នុងវេទិកាអន្តរជាតិ និងពិភពលោក។ ខ្ញុំមានឱកាសទៅទស្សនា ប៉មតួអេហ្វែល និង Square Louise Michel ដែលជាទីតាំងដ៏ស្រស់ស្អាតបំផុតនៅកណ្តាលទីក្រុង។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី សម្រាប់ការរៀបចំឱ្យយុវជនជនជាតិដើមភាគតិចបង្ហាញវត្តមានលើឆាកអន្តរជាតិនៅទីក្រុងប៉ារីស។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអ្នកស្រី យន់ ម៉ាណេ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា ដែលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគាំទ្រដល់យុវជនតំណាងឱ្យយុវជនជនជាតិដើមភាគតិចនៅក្នុងវេទិកាអន្តរជាតិ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក ដែលជាម្ចាស់ជំនួយដែលបានគាំទ្រខ្ញុំឱ្យសម្រេចក្តីសុបិនរបស់ខ្ញុំកាលពីនៅជាក្មេងនៅក្នុងភូមិជនបទ។
ក្នុងនាមជាសមាជិកនៃវេទិកាអាយស៊ីធីនិងឌីជីថលកម្ពុជា (CamIDF) ខ្ញុំមានឱកាសដាក់ពាក្យចូលរួមវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាព (PPF) ជាលើកដំបូង។ ខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាលើកទីប្រាំ ក្រោមគម្រោងដែលមានចំណងជើងថា “ទិន្នន័យបើកទូលាយសម្រាប់ជនជាតិដើមភាគតិច និងជនជាតិភាគតិច“ ដែលនេះពិតជាឱកាសដ៏កម្រមួយ។ ក្នុងនាមជាជនជាតិដើមភាគតិច ខ្ញុំជឿថា ពួកយើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគម្រោងនេះ ព្រោះវានឹងជួយបង្កើនលទ្ធភាពទទួលបានទិន្នន័យ ព័ត៌មាន និងការគ្រប់គ្រងខ្លួនឯង។ លើសពីនេះ គម្រោងនេះត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិ និងបានឃើញទូទាំងពិភពលោក។ ខ្ញុំមានឱកាសជួបនិយាយជាមួយអ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តនៅក្នុងវិស័យនេះ។